មេដឹកនាំបក្សប្រឆាំងផ្ញើរបាយការណ៍​​០៩​ចំណុច បា្រប់ទៅម្ចាស់ជំនួយ​ អំពី​ស្ថានការណ៍​នយោបាយនៅ​កម្ពុជា​

post date:March 12, 2014
  SHARE:

Sam-rainsy23រាជធានីភ្នំពេញ ៖ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជា​តិ នៅ​ថ្ងៃ​ទី​១១ ខែ​មីនា​នេះ បាន​ចេញ​របាយការណ៍មួយ​ទៅកាន់​សហគមន៍​ការទូត​បរទេស ស្តី​អំពី​ស្ថានការណ៍​នយោបាយ​នៅ​ប្រទេស​កម្ពុជា តាមរយៈ​អ៊ីម៉េល បាន​លើក​បង្ហាញ​នូវ​ចំណុច​ចំនួន ៩ ដែល​រួមមាន ៖

១- វិវាទ​នៅតែមាន​ត ចំពោះ​លទ្ធផល​នៃ​ការបោះឆ្នោត ថ្ងៃ​២៨ កក្កដា ២០១៣​។ លទ្ធផល​ដែល​ប្រកាស​ក្រោម​បញ្ជា​គណបក្ស​ប្រជាជន​កម្ពុជា គឺជា​ការ​បំភ្លៃ​ឆន្ទៈ​ប្រជារាស្ត្រ​ខ្មែរ​។​

២- គណបក្ស​ប្រជាជន​កម្ពុជា មិន​ព្រមឲ្យ​មាន​ការស៊ើបអង្កេ​ត​លើ​ភាពមិនប្រក្រតី​ដ៏​ធ្ងន់ធ្ងរ ក្នុង​ការបោះឆ្នោត​នេះ​។​

៣- ដោយសារ​គណបក្ស​សង្គ្រោះ​ជាតិ​មិន​ព្រម​ចូល​ប្រជុំ​សភា រដ្ឋសភា​ឯក​បក្ស​សព្វថ្ងៃ មាន​លក្ខណៈ​ខុស​ច្បាប់ ពី​ព្រោះ​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ​ដែល​តម្រូវ​ឲ្យ​ប្រទេស​កម្ពុជា​ប្រកាន់​របប​នយោបាយ​ប្រជាធិបតេយ្យ សេរី ពហុបក្ស​។​

៤- រដ្ឋាភិបាល​លោក ហ៊ុន សែន សព្វថ្ងៃ ដែល​ចេញ​ពី​រដ្ឋសភា​ឯក​បក្ស​ខុសច្បាប់ ក៏​ជា​រដ្ឋាភិបាល​ខុស​ច្បាប់​ដែរ ហើយ​នេះ​ជា​ការរំលោភ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ថែមទៀត​។​

៥- ក្នុង​ការបង្ក្រាប​ការតវ៉ា​របស់​ប្រជារាស្ត្រ ពី​ការលួចបន្លំ​សន្លឹកឆ្នោត និង​ការរំលោភ​សិទ្ធិមនុស្ស​ផ្សេងៗ​ទៀត រដ្ឋាភិបាល​លោក ហ៊ុន សែន ប្រើ​អំពើហិង្សា​កាន់តែខ្លាំង ហើយ​មិន​ញញើត​សម្លាប់​កម្មករ ដែល​គ្រាន់តែ​ទាមទារ​ដំឡើង​ប្រាក់ខែ​ប៉ុណ្ណោះ​។​

៦- ក្នុងពេល​ជាមួយគ្នា​នេះ រដ្ឋាភិបាល​លោក ហ៊ុន សែន ក៏បាន​រំលោភ​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ ដែល​មានចែង​ក្នុង​រដ្ឋធម្មនុញ្ញ ស្តីពី​សេរីភាព​សម្តែង​មតិ និង​សេរីភាព​ជួបជុំ​គ្នា​តាម​កន្លែង​សាធារណៈ​។​

៧- ដើម្បី​ដោះស្រាយ​ការជាប់គាំង​នយោបាយ​បច្ចុប្បន្ន គណបក្ស​សង្គ្រោះ​ជាតិ​ទាមទារ​ឲ្យមាន​ការស៊ើបអង្កេត​លើ​ការបោះឆ្នោត​កន្លងទៅ ឬក៏​ឲ្យមាន​ការបោះឆ្នោត​ឡើងវិញ​។ តែ​គណបក្ស​ប្រជាជន​កម្ពុជា​ច្រានចោល​សំណើ​ទាំងពីរ​នេះ​។​

៨- ការចរចា​រវាង​គណ​បក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ លើ​ប្រធានបទ កែ​ទម្រង់​ការ​បោះឆ្នោត ត្រូវ​ផ្អាក ពី​ព្រោះ​គណបក្ស​ប្រជាជន​កម្ពុជា​មិន​ព្រម​ជជែក​ពី​ការរៀបចំ (គ​.​ជ​.​ប​)ឡើងវិញ​។​

៩- យុទ្ធវិធី​គណបក្ស​ប្រជាជន​កម្ពុជា គឺ​គ្រាន់តែ​ពន្យារពេល និង​ក្រាញ​អំណាច ដែល​ជា​ការ​ធ្វើឲ្យ​អនាគត​ប្រទេស​កម្ពុជា​មានភាព​អាប់អួ​។

​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិមានប្រសាសន៍ថា លិខិត​នេះ ធ្វើ​ឡើង​ក្នុង​គោលបំណង ដើម្បី​ឲ្យ​សហគមន៍​អន្ត​រ​ជាតិ ចាប់អារម្មណ៍​ទៅលើ​ដំណើរការ​នៃ​កិច្ចចរចា​របស់​គណបក្ស​ទាំងពីរ ​និង​វាយតម្លៃ​ថា​តើ​ភាគី​ណា មាន​ឆន្ទៈ​ពិត​ក្នុង​ការដោះស្រាយ​បញ្ហានយោបាយ​ ៖«យើងចង់ឲ្យសហគមន៍អន្តរជា​តិ មើលឲ្យច្បាស់ថាតើភាគីណា ដែលចង់មានដំណោះស្រាយ ដោយ​​សន្តិវិធី ហើយភាគីណាដែល​ចេះតែបង្កនូវវបញ្ហា បង្កនូវឧបសគ្គ ទៅដល់​ដំណើរការ​នៃ​ការ​ចរចា​រក​ដំណោះ​ស្រាយ​ដោយ​សន្តិ​វិធី»។

លោក ​ជាម យៀប តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា យល់ថា ការ​ដាក់​លិខិត​នេះ នាំឲ្យ​ប្រទេស​កម្ពុជា អន់ថយ តែ​លោក​ជឿជាក់ថា ប្រទេស​ដែល​ជា​ដៃគូ​សម្ព័ន្ធ ​នឹង​ជឿ​ទុកចិត្ត​ទៅលើ​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល​បច្ចុប្បន្ន តាមរយៈ​ស្នាដៃ​កន្លងមក ៖«​ប្រទេស​យើង​កំពុង​តែរីកចម្រើន ​ជឿនលឿន នៅពេលដែលយើងកំពុងតែរៀបចំដើរចូលស​ហគមន៍អាស៊ានតែមួយ នៅក្នុងឆ្នាំ២០១៥ខាងមុខ ហើយ​បើលោ​ក សម រង្ស៊ី គាត់មើលឃើញចឹង គាត់រាយការណ៍ឃាត់ឃាំងគ្រប់បែបយ៉ាងចឹង ក្មួយអាច Check Bala​ce អាច​ធ្វើ​ Conclusion ​ឃើញហើយ យ៉ាងណាយ៉ាងណានោះ»៕

 លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជា​តិ

លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជា​តិ

ប្រភពពី Free Press Magazine 

(back to top)

Comments are closed.

This site is protected by Comment SPAM Wiper.
ផ្សាយពាណិជ្ជកម្មទីនេះ សូមទំនាក់ទំនងលេខទូរស័ព្ទ 015900041